Tuesday, May 30, 2017

អាវុធហត្ថខណ្ឌឫស្សីកែវ បង្ក្រាបមុខសញ្ញាគាស់ផ្ទះបានចំនួន ២នាក់

·   0

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ ធ្វើការបង្ក្រាប ក្រោយពីពួកគេធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋយកម៉ូតូ មួយគ្រឿង។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួសជុលម៉ូតូ ផ្លូវបេតុង ក្រុម២ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង ២នាក់ដែលឃាត់ខ្លួននោះ ទី១-ឈ្មោះ សុខ ថន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី២-ឈ្មោះ ប៉ុល ធឿន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នអ្នកទាំង ២នាក់ស្នាក់នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ឆាយ ដាលីន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ១០៥សេ ផ្លូវលេខ៦៣កែងផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
លោក កាន់ សុខ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ បានប្រាប់ឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ ដោយជនរងគ្រោះបានទៅប្តឹងនៅការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្រោយពីបានទទួលពាក្យបណ្តឹងជនរងគ្រោះរួចមក លោក មាុំង សុខលុច នាយការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់នៅចំណុចផ្ទះជួសជុលម៉ូតូ មួយកន្លែង ព្រមទាំងដកហូតម៉ូតូបាន ២គ្រឿងដោយក្នុងនោះមានម៉ូតូជនរងគ្រោះ មួយគ្រឿង ម៉ាក Zoomer X ស៊េរី២០១៧ ពណ៌ខ្មៅលាយត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1GH-6294 និងម៉ូតូជនសង្ស័យ មួយគ្រឿង ម៉ាក Step ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1C-8774។
ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើរួចមក កម្លាំងកងរាជអាវុធហត្ថបានធ្វើការនាំខ្លួនជនសង្ស័យមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕

Subscribe to this Blog via Email :